Friday 22 February 2013

បទពិសោធន៍ថ្មីរបស់និស្សិត ដុន​ បូស្កូ ទៅកាន់កប៉ាល់ LOGOS HOPE


      ដោយមានការសហការជាមួយម្ចាស់កប៉ាល់ Logos Hope ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា ព្រមទាំងសិស្ស និសិ្សតនៃ សាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុបានធ្វើទស្សនាចរណ៍ជាទ្រងង់ទ្រាយធំមួយទៅកាន់កប៉ាល់ទេសចរណ៍ខ្ខាតអន្តរជាតិ។ ដែលកប៉ា់ល់នោះបានធ្វើការសំចតរយៈពេល១៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅផែចាស់ ច្រកទី១ របស់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ ដោយអនុញ្ញាត្តិឲ្យភ្ងៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីម៉ោង10:00នាទី ព្រឹកដល់ម៉ោង20:30នាទីយប់សម្រាប់ពីថ្ងៃអង្គារ និងថ្ងៃសៅរ៍ រីឯថ្ងៃអាទិត្យវិញចាប់ពីម៉ោង13:30 នាទីរសៀល ដល់ម៉ោង20:30នាទីយប់ ដោយឡែកសម្រាប់ថ្ងៃច័ន្ទ មិនអនុញ្ញាតិឲ្យភ្ញៀវទេសចរចូលទស្សនានោះទេ។ រីឯតម្លៃសំបុត្រវិញគឺត្រឹមតែ៥០០៛ប៉ុណ្ណោះសម្រាប់អ្នកចូលទស្សនា ដោយឡែកក្មេងដែលមានអាយុក្រោម១២មិនគិតថ្លៃសំបុត្រទេ ប៉ុន្តែត្រូវមានមនុស្សចាស់ម្នាក់តាមថែរក្សាសុវត្ថិភាពក្មេង អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺមិនគិតថ្លៃសម្រាប់សាលាអង្គការក្រៅរដ្ឋាភិបាលផងដែរ។ នេះជាមកដល់លើកដំបូងរបស់កប៉ាល់Logos Hope មកកាន់ព្រះរាជាណាច្រកម្ពុជា ដែលភ្ញៀវទេសចរអាចមើលពីទិដ្ឋភាពទូទៅដ៏មហិមារបស់កប៉ាល់នេះ ជួបជាមួយនឹងយានិកអន្តរជាតិ         អ្នកស្ម័គ្រចិត្តបរទេសដែលធ្វើការនៅលើកប៉ាល់ដែលមានភាពរសរាយរាក់ទាក់ ចូលទស្សនាការសំដែងសិល្បះ កំប្លែង ការរាំរបាំបែបបញ្ចឹមប្រទេស ទស្សនាកន្លែងផ្ទុកសៀវភៅដ៏ធំជាងគេលើពិភពលោក ហើយមានសៀវភៅដែលមានចំណងជើងជាង៥០០០មុខ ។
        បើតាមសំដីរបស់កញ្ញា Rahel Vonrotz ជាអ្នកស្ម័គ្រចិត្តជនជាតិស្វ៊ីស ដែលបម្រើលើកប៉ាល់ Logos Hope បានឲ្យដឹងថា៖ នេះជាការមកដល់លើកដំបូងរបស់កប៉ាល់ Logos Hopeមកកាន់ប្រទេសកម្ពុជា ដែលធ្វើដំណើរចេញពីទីក្រុងហុង កុង មកកាន់ប្រទេសកម្ពុជា រួចនឹងបន្តដំណើរទៅកាន់ប្រទេសថៃទៀត។ អ្នកស្ម័គ្រចិត្តរូបនេះបានបន្តឲ្យដឹងទៀតថា៖នៅក្នុងកប៉ាល់នេះមានដាក់បង្ហាញនូវសៀវភៅជាង៥០០០មុខដែលមានចំណងជើង ដែលអនុញ្ញាតិឲ្យអ្នកទស្សនាចូលមើល និងអានដោយសេរី ព្រមទាំងអាចជាវយកទៅអាននៅគេហដ្ឋាន ដែលមានតម្លៃសមរម្យ។ ភាគច្រើននៃសៀវទាំងនោះ សុទ្ធសឹងជាភាសាអង់គ្លេស ដែលនិយាយពីប្រវត្តិសាស្រ្ត ភូមិសាស្រ្ត សេដ្ឋកិច្ច នយោបាយ សៀវភៅមុខម្ហូប ចំនេះដឹងទូទៅ កីឡា សុខភាព ឯកសារសត្វ រឿងនិទាន កំប្លែង។ល។ តាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា មានអ្នកស្ម័គ្រចិត្តបម្រើការងារនៅលើកប៉ាល់សរុបប្រមាណជាង៤០០នាក់ ដែលមកពីជាង៥០ប្រទេសផ្សេងគ្នា។ គេសង្កេតឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ ជាពិសេសថ្ងៃអាទិត្យដែលមានអ្នកចូលទស្សនារាប់ពាន់នាក់ ហើយមានអ្នករក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពខ្ពស់។
         បើតាមប្រសាសន៍របស់លោកឪពុក យូជីន ខាល់កូ ជានាយកសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុបានឲ្យដឹងថា៖ សាលារបស់លោកបានបញ្ជូលនិស្សិតទៅទស្សនាកប៉ាល់ខ្នាតអន្តរជាតិនេះសរុបទាំងអស់ចំនួន៥៥០នាក់ ដោយចែកជាទៅតាមផ្នែកនីមួយៗ ដោយផ្លាស់គា្នក្នុងរយៈពេល៣ថ្ងៃកន្លះ ក្នុងនោះមាននិស្សិតចំនួន៣៧០ជានិស្សិតផ្នែកបច្ចេកទេស និងចំនួន១៨០នាក់ផ្នែកសណ្ឋាគារ។ លោកឪពុកបានបន្តឲ្យដឹងទៀតថា៖គាត់ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលមានកប៉ាល់ខ្នាតអន្តរជាតិរបស់អ្នកស្ម័គ្រចិត្តបរទេស ដែលបានមកចែកបទសោធន៍ និងចំនេះដឹងថ្មីៗដល់កូនខ្មែរ ជាពិសេសសិស្ស និស្សិត ដែលមកពីសាលាបច្ចេកទេស ដុន បូស្កូរបស់លោក។
        បើតាមសំដីរបស់លោក តាំង ឈុនហេង ជានិស្សិតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ បានឲ្យដឹងថា៖នេះគឺជាបទពិសោធន៍ទីមួយសម្រាប់ការទស្សនាកប៉ាល់ធំលំដាប់អន្តរជាតិ ដែលមានកន្លែងផ្ទុកសៀវភៅរាប់ម៉ឺនក្បាល ហើយលោកក៏ចង់ឲ្យប្រជាជនផ្សេងទៀតបានចូលទស្សនាដូចគ្នា ហើយលោកសង្ឃឹមថានឹងមានកប៉ាល់ខ្នាតអន្តរជាតិផ្សេងៗទៀតចូលមកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដែលអនុញ្ញាតិឲ្យប្រជាជនទស្សនាផងដែរ៕






0 comments:

Post a Comment